Sharing


ភ្នំពេញ: នាវេលាម៉ោង ១និង២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសបើកបុកកង់បីឆ្លងផ្លូវ និងជ្រុលទៅបុកចូលកន្លែងលក់មីឆា តាមចិញ្ចើមផ្លូវ ម្ដុំក្បែរផ្សារក្រមួន បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវ១០០៧កែងផ្លូវ១៩៨០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។កង់បីម៉ាក បាចា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-7728 បើកបរដោយបុរសម្នាក់។រថយន្តម៉ាក ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BE-6802 បើកបរដោយបុរសម្នាក់ស្រវឹងស្រា និងរួមដំណើរដោយស្ត្រីម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកកង់បីដឹកភ្ញៀវ ៣នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០០៧ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុកង់បី បានបើកឆ្លងផ្លូវ១៩៨០ ខណ:កំពុងបើកឆ្លងបានពាក់កណ្ដាលទៅហើយ ស្រាប់តែមានរថយន្តព្រូសខាងលើ ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន ហើយអ្នកបើកបរក្នុងស្ថានភាពស្រវឹងស្រា នឹងទើបចេញពីហាងផឹកស៊ីផងនោះ ក៏ជ្រុលទៅបុកកង់បីចំពាក់កណ្ដាលក្រឡាប់ជាច្រើនជុំ បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ រួចបន្តទៅបុកកន្លែងលក់មីឆាដែលម្ចាស់ចាក់សោចោលលើខឿនផ្លូវ រងការខូចខាតបន្ថែមទៀត។

ក្រោយពីកើតហេតុអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្ត ត្រូវបានរថយន្តផ្សេងទៀត មកដឹកយកចេញពីកើតហេតុទៅបាត់ស្រមោល ចំពោះវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញចុះដល់ទីតាំង វាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាកព្យាបាល៕


By admin

Leave a Reply

Your email address will not be published. Required fields are marked *