Sharing


ភ្នំពេញ: នៅវេលាម៉ោង០៦ និង០០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-1118 បើកបរដោយស្រ្តីម្នាក់ រេចង្កូតជ្រុលទៅបុកដើមឈើមួយដើមបណ្តាលឲ្យបាក់ និងរថយន្តរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ បើកបរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរ ចុះពីលើស្ពានអាកាសក្បាលថ្នល់យ៉ាងលឿន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលល្បឿនទៅ បុកដើមឈើមួយដើមបណ្តាលឲ្យបាក់ និងរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខមួយកំណាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន ។

យោងតាមអ្នកឃើញហេតុការណ៍ផ្ទាល់ បានបញ្ជាក់ប្រាប់ក្រុមការងារ យើងខ្ញុំបានឲ្យដឹងដូច្នេះ ថារថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC-1118 បើកបរដោយស្រ្តីស្រស់ស្អាត ម្នាក់ខណ:កំពុងបើកបរ ចុះពីលើស្ពានអកាសក្បាលថ្នល់នោះ មានល្បឿនមួយយ៉ាងលឿន ហើយបានរេចង្កូតជ្រុលទៅបុកដើមឈើមួយដើមបណ្តាលឲ្យបាក់ ចំណែកឯរថយន្តបង្កហេតុនោះ បានរងការខូចខាតយ៉ាងដំណំផងដែរ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ហើយស្រ្តីអ្នកបើកបររថយន្ត បន្ទាប់ពីកើតហេតុរួចបានពួនសំងំមិនចុះពីលើរថយន្តនោះឡើយ ។នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ចុះមកពិនិត្យ និងប្រគល់ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ទៅឲ្យជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕


By admin

Leave a Reply

Your email address will not be published. Required fields are marked *